Saturday, September 30, 2017

រកឃើញ​គ្រាប់​បែក​គីមីនៅបរិវេណសាលា២គ្រាប់នៅ​ភូមិ​គគីរ​ ឃុំគគីរ​ ស្រុករមាសហែក​ ខេត្តស្វាយរៀង

ខាង​​ក្រោម​​នេះ​​ជា​​សំណេរ​​ទាំង​ស្រុង​នៅ​លើ Facebook Page របស់​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ ដែល​ចេញ​កាល​ពី​ថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៧ ៖

ថ្ងៃ​សុក្រ​ទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ​ នៅ​ទីតាំង​ភូមិ​គគីរ​ ឃុំគគីរ​ ស្រុក​រមាស​ហែក​ នៃ​ខេត្តស្វាយរៀង​ មន្ត្រី​ជំនាញ​និង​ថ្នាក់​ដឹក​នាំ​នៃ​អាជ្ញាធរ​គីមី​ អង្គភាព​សុីម៉ាក់​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ នឹង​សិក្សា​ផែន​ការ​លំអិត​ក្នុង​ការ​ធានា​សន្តិសុខ​ សណ្តាប់​ធ្នាប់​​និង​ជាពិសស​គិត​គូរ​ធានា​សុវត្ថិភាព​ប្រជាពល​រដ្ឋក្នុង​ពេល​ប្រតិបតិ្តការ​ដោះបន្សាប​គ្រាប់​បែក​គីមី​ និង​វេច​ខ្ចប់​គ្រាប់​បែក​នោះដើម្បី​ដឹក​ជញ្ជូន​ទៅ​ទី​កន្លែង​សុវត្ថិភាព។​

ក្រោយ​​ពី​បាន​រង់​ចាំជាច្រើន​ខែ​ ហើយ​ឥឡូវ​នេះ​ក្មួយៗ​សិស្សា​នុសិស្ស​បាន​សំរាក​វិស្សមកាល​ដូច​នេះ​ជា​ឱកាស​ល្អសំរាប់​ធ្វើ​ប្រតិបតិ្តការ។​ សូម​បញ្ជាក់​ថា​ តាម​លក្ខណះ​បច្ចេក​ទេស​គ្រាប់​បែក​ទាំង​នេះ​ ​មិន​អាច​ធ្វើ​ការ​កំទេច​ចោល​នៅ​នឹង​កន្លែង​បាន​ទេ​ ហើយ​តាម​គោល​ការណ៍​សុវត្ថិភាព​ក្នុង​ប្រតិបតិ្តការ​ចាំបាច់​ត្រូវ​តែ​ជន្លៀស​មនុស្ស​តាម​ការ​កំណត់​ចំងាយ​សុវតិ្ថភាព​!​ ហានិ​ភ័យ​ខ្ពស់​ ចំងាយ​សុវត្ថិ​ភាព​កាន់​តែ​ឆ្ងាយ!​ កំលាំង​ជំនាញ​នឹង​ខិត​ខំ​អស់​សមត្ថភាព​ក្នុង​ការ​ដោះ​បន្សាប​ តែ​ការ​បង្កា​គ្រោះ​ថ្នាក់​ដោយ​សារ​បច្ចយ័​អាក្រក់​បំផុត​ណាមួយ​កើត​ឡើង​ត្រូវ​តែ​មាន​វិធាន​ការ​ជា​មុន!​​ កិច្ច​ប្រតិបតិ្តការ​អាច​នឹង​ចាប់​ផ្តើម​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ​!



សូម​អំពាវ​នាវ​ ប្រជាពល​រដ្ឋនិង​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់​ស្ថិ​ត​នៅ​តំបន់​ប្រតិ​បតិ្តការ​នេះ​ សូម​មេត្តា​ស្តាប់​តាម​ការ​ណែនាំ​របស់​មន្ត្រី​អាជ្ញាធរ​គីមី​និង​មន្ត្រី​សុីម៉ាក់​ដែល​នឹង​បើក​ប្រតិបតិ្តការ​បោស​សំអាត​គ្រាប់​បែក​ទាំង២​គ្រាប់​​នោះ!​ អាជ្ញាធរ​គីមី​ និង​សុីម៉ាក់​នឹងចាប់ផ្តើម​បញ្ជូន​ឧបករណ៍​បំរើ​ប្រតិបតិ្តការ​នៅថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​​នៅ​ក្នុង​សប្តាហ៍​នេះ!​
ប្រភព៖ Facebook page: Heng Ratana

ស៊ីម៉ាក់៖ យន្តហោះB-52ទំលាក់​គ្រាប់​នៅ​កម្ពុជា​ចំនួន​២០.៥១៧ជើ​ង​ហោះ​ហើរ ទម្ងន់​គ្រាប់​សរុប​​ចំនួន​​១លាន​៤មុឺន​តោន

ខាង​ក្រោម​នេះ​ជា​សំណេរ​ទាំង​ស្រុង​នៅ​លើ Facebook Page របស់​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ ដែល​ចេញ​កាល​ពី​ថ្ងៃ០១ ខែតុលា ឆ្នាំ២០១៧ ៖
គ្រាន់តែហោះហើរ​យន្តហោះB-52 ម្តង​ម្កាល​ក៏​ផ្អើល​ដែរ​ នៅ​កម្ពុជា​ស្គាល់​ឡើង​ច្បាស់​និង​ក្លាយ​ជា​ទំលាប់​ជា​មួយ​យន្តហោះ​B-52​នេះ!​ ការ​ហោះ​ហើរ​យន្តហោះ​ប្រយុទ្ធ​ប្រភេទ​B-52​នេះប្រតិ​បត្តិ​ការ​នៅ​កម្ពុជា​មាន​ចំនួន​២០.៥១៧ (ពីរ​ម៉ឺន​ប្រាំ​រយ​ដប់​ប្រាំពីរ) ជើង​ហោះ​ហើរ​​ឯណោះ!

យន្តហោះ​ប្រយុទ្ធទំលាក់​គ្រាប់​បែក​ប្រភេទ​B-52 គឺ​ជា​ប្រភេទ​យន្តហោះ​ប្រយុទ្ធយក្ស​ ដែល​តែង​បង្ហាញ​ខ្លួន​គំរាម​សត្រូវ​របស់​ខ្លួន!​ គេ​ឃើញ​សភាព​ការណ៍​នៅ​កូរ៉េ​ខាង​ជើង​ សហរដ្ឋអាមេរិក​ព្រមាន​និង​បង្ហាញ​សាច់​ដុំ​យក្ស​ដោយ​ការ​ហោះ​ហើរ​យន្តហោះ​B-52នេះទៅ​ក្បែរៗ​ព្រំដែន​ឬ​ដែន​អាកាស​អន្តរជាតិ!

គ្រាន់​តែ​ហោះ​ហើរ​យន្តហោះ​B-52តែ​មួយ​ជើង​សោះ​ក៏​ផ្អើល​ឆោ​ឡោ​ខ្លាច​យន្តហោះ​ប្រយុទ្ធB-52​នោះ​ទៅ​ហើយ!​ មាន​ដឹង​ថា​ប្រជាជន​កម្ពុជា​ជំនាន់​សង្គ្រាម​​ក្នុង​​ទស្សវត្ស​៦០​និង​៧០ ស្គាល់​រត់​មាត់​គឺយន្តហោះ​B-52នេះហើយ!​ ចាស់ៗខែ្មរ​យើង​ឱយ​តែ​និយាយ​ពី​សង្គ្រាម​ទំលាក់​គ្រាប់​បែក​ ពួកគាត់​ដឹង​តែ​ហៅ​យន្តហោះ​B-52 យន្តហោះ​​អា​ចាន​​ស្រាក់​​ទាំង​អស់​​ហ្នឹង​ សូម្បីតែ​គ្រាប់​បែក​ទំលាក់​ពី​យន្តហោះ​ ក៏​ពួក​គាត់​ហៅ​ថា​គ្រាប់​បែក​B-52​ដែរ!​ ខ្ញុំក៍​ស្វែង​រក​មូល​ហេតុ​​ដែរ ថា​ហេតុ​អ្វីបាន​ប្រជាជន​កម្ពុជា​ ចំណាំ​រត់​មាត់​តែ​គ្រាប់​បែក​B-52នេះ​ អីយ៉ាងនេះ?​ តាម​ពិត​ទៅ​សហរដ្ឋអាមេរិក​បាន​ប្រើ​ប្រាស់​យន្តហោះ​ប្រយុទ្ធ​ B-52​នេះ​ ហោះ​ហើរ​ទំលាក់​គ្រាប់​បែក​នៅ​កម្ពុជា​មាន​រហូត​ដល់​ចំនួន​ ២០.៥១៧​លើក​​(ជើង​ហោះ​​ហើរ)​ ទំលាក់​និង​បាញ់​គ្រាប់​ចំនួន​​៦៣៩.៤៦៨​គ្រាប់​ មាន​​ទំងន់​​ចំនួន​​​២.៣១១.៤៥៣.១៣៦​ផោន​ ស្មើនឹង​ ១.០៤៩.៣៩៩.៧២៣​គីឡូក្រាម​ ឬ​ ស្មើ​នឹង​ចំនួន​​១លាន​៤មុឺន​តោន!

ចំនួន​នេះ​គិត​ទៅស្មើ​នឹង​១ភាគ៣​នៃចំនួន​គ្រាប់​ទំលាក់​ទាំង​អស់​នៅកម្ពុជា​!​ គឺ​មាន​យន្តហោះ​ទំលាក់​គ្រាប់​បែក​ជាង​៣០​ប្រភេទ​ផេ្សងៗ​គ្នា​សំរាប់​បំរើ​ឱយការ​ប្រយុទ្ធនោះ!​ ហើយ​​​ចំនួន​​ហោះ​ហើរ​ទំលាក់​គ្រាប់បែក​ដោយ​យន្តហោះ​B-52នេះ​ មិនមាន​​ចំនួន​​ច្រើន​​ជាង​​យន្តហោះ​​ទំលាក់​គ្រាប់​បែក​ប្រភេទ​ដទៃទៀត​នោះ​​ទេគឺ​ប្រមាណ​​ស្មើ​នឹង​​១​ភាគ​​១០នៃ​ចំនួន​​ហោះហើរ​សរុប​ ដែល​មាន​ចំនួន​២៣០.៥៤៤​ជើង​ហោះ​ហើរ​!​ តែដោយ​រហស្ស​នាមយន្តហោះ​ទំលាក់​គ្រាប់​បែក​នេះ​ជា​ទំងន់​យក្ស​ និង​ជា​​សំអាង​​ខាង​យុទ្ធសាស្ត្រ​សំរាប់​បំរើ​កា​​រ​​ប្រយុទ្ធមួយ​យ៉ាង​សំខាន់​ ធ្វើ​ឱយ​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​យន្តហោះ​ប្រយុទ្ធនេះ​ច្បាស់​អញ្ចឹង​ហ្ន​!​
គ្រាន់​តែ​ហោះ​ហើរ​យន្តហោះ​B-52 ម្តង​ម្កាល​ក៏​ផ្អើល​ដែរ​ នៅ​កម្ពុជា​ស្គាល់​ឡើង​ច្បាស់​និង​ក្លាយ​ជា​ទំលាក់​ជា​មួយ​យន្តហោះ​B-52​នេះ!​ ហោះ​ហើរ​ប្រយុទ្ធ​​នៅ​កម្ពុជា​មាន​ចំនួន​​២០.៥១៧​ជើង​ហោះ​ហើរ​​ឯណាឯណោះ!​

មាន​ប្រវត្តិដ៍​អាក្រក់​នៃការ​ទំលាក់​គ្រាប់​បែកB-52​នេះ​នៅកម្ពុជា​ ក្នុងនោះ​មួយ​ជើង​ហោះ​ហើរ​នោះ​ B-52 អួតថា​ ទំលាក់​ខុស​គោល​ដៅ​ចំទី​ប្រជុំជន​អ្នក​លឿង​ (គឺ​ព្រឹតិ្តការ​ខែ​សីហាឆ្នាំ១៩៧២)​ ស្លាប់​ប្រជាជន​កម្ពុជា​ជាង​១០០នាក់និងរង​របួស​ជាង​៣០០-៤០០នាក់។​ ដោយ​សារ​កំហុស​នេះ​ គេពិន័យ​ក្រុមកងទព័​ហោះហើរ​ទំលាក់ខុស​គោល​ដៅ​នោះ​ចំនួន​៧០០​ដុល្លារ​អាមេរិក​ និងផ្តល់​សំណង​អ្នក​នៅ​រស់​រានមាន​ជីវិត​នោះ​ ចំនួន​១០០​ដុល្លារ​ម្នាក់?

យើង​ត្រូវការសន្តិភាពនិង​ការអភិវឌ្ឍន៍​ ទើបអាច​ពង្រឹង​លទិ្ធប្រជាធិបតេយ្យ​តាម​បែប​សង្គម​និង​វប្បធម៌​របស់​ខ្លួន!

ដង្កូវ​ស៊ី ពុក​ធ្មេញ ចង់​ឱ្យ​ធ្មេញ​ស​ស្អាត ស្លឹក​ម្លូ​អាច​ជួយ​អ្នក​បាន

មនុស្ស​ជាច្រើនចំណាយលុយ​លើ​ទន្តពេទ្យ​ដើម្បី​ព្យាបាល​ធ្មេញ​ពុក ប៉ុន្តែ​ពួក​គេ​ភ្លេច​រុក្ខ​ជាតិ​ដែល​នៅជុំវិញ​ខ្លួ​ន​គេ​។ ការ​ពិត​បញ្ហា​ធ្មេញ​នេះ គេអាច​​ប្រើ​ស្លឹកម្លូដើម្បីព្យាបាល​មាន​ប្រសិទ្ធភាព​ឆាប់រហ័ស ព្រោះ​ឬស និង​ស្លឹក​របស់​វា​មាន​ផ្ទុក​សារធាតុ benzylacetate, beta caryophylen និង alkaloid។ សារធាតុ​ទាំងអស់​នេះ​ប្រឆាំង​នឹង​បាក់តេរី ជួយ​កាត់បន្ថយ​អាការៈ​ហើម និង​រលាក។

រូបមន្ត​ទី1
*គ្រឿងផ្សំ
ស្លឹកម្លូរ 20ក្រាម
អំបិល​ស 3ក្រាម
ទឹក 50មីលីលីត្រ

*ការណែនាំ
លាង​ស្លឹកម្លូរ​ឱ្យ​ស្អាត ហើយ​ដាក់​ត្រាំ​ក្នុង​ទឹកអំបិល
ពេល​វា​ស្វិត​ហើយ ដាក់​វា​ក្រឡុក​ជាមួយ​ទឹក 50មីលីលីត្រ និង​អំបិល 3ក្រាម
ក្រោយ​មក​ចាក់​វា​ចូល​ទៅក្នុង​ដប គ្រប​គំរប​ឱ្យ​ជិត និង​រក្សាទុក​ក្នុង​ទូរទឹកកក​សម្រាប់​ប្រើប្រាស់។

*វិធីប្រើ

ជារៀងរាល់​ព្រឹក​បន្ទាប់ពី​ភ្ញាក់​ពី​គេង និង​មុនពេល​ចូល​គេង យក​ទឹកម្លូ​ខាងលើ​មក​ខ្ពុរ​មាត់​រយៈពេល 5នាទី។ បន្ត​ធ្វើ​បែប​នេះ​ឱ្យ​បាន 3ថ្ងៃ អាការៈ​ឈឺចាប់​នឹង​បាត់​ទាំងស្រុង។
រូបមន្ត​ទី2
យក​ស្លឹកម្លូ​លាង​ឱ្យ​ស្អាត​រួច​ក្រឡុក​ជាមួយ​ទឹក​រហូត​ដល់​ខាប់ មួយ​ថ្ងៃ​ជញ្ជក់​យក​ទឹក​វា(មិន​លេប)ឱ្យ​បាន 3-4ដង​រយៈពេល 3ថ្ងៃ​ជាប់ៗ​គ្នា។ អាការៈ​ឈឺ​ធ្មេញ​នឹង​ថយចុះ​យ៉ាង​ឆាប់រហ័ស​នឹកស្មាន​មិនដល់។
រូបមន្ត​ទី3
ដំបូង​យក​ឬស​ដើម​ម្លូរ 20ក្រាម​លាង​ឱ្យ​ស្អាត រួច​បុក​លាយ​ជាមួយ​អំបិល និង​ទឹកក្រូចឆ្មា។ ក្រោយពី​ដុស​ធ្មេញ​រួច យក​សំឡី​ជ្រលក់​ចូល​ទឹក​ឬស​ម្លូរ ហើយ​ញ៉ុក​កន្លែង​ឈឺ​ធ្មេញ​រយៈពេល 3-5នាទី​សឹម​ខ្ពុរមាត់​ចេញ​នឹង​ទឹកអំបិល​ក្តៅអ៊ុនៗ។ អនុវត្ត​តែ 3ដង​ក្នុង​មួយ​ថ្ងៃ 2-3ថ្ងៃ​ក្រោយ​អាការៈ​ឈឺ​ធ្មេញ​នឹង​ជា​សះស្បើយ៕
ប្រភព៖ កូនមាន់

ម្តាយបង្កើត និង ម្តាយចិញ្ចឹម ឈ្លោះគ្នា តើកម្ពុជាគួរធ្វើយ៉ាងណា?

ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្យ​ចិន​ខាង​ត្បូង​រវាង​ចិន​និង​វៀត​ណាម​កាន់​តែ​មាន​សភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បន្ទាប់​ពី​ចិន​បាន​រំកិល​ខ្លួ​នចូល​មួយ​ជំហាន​ទៀត ដោយ​​បាន​បញ្ជូន​នាវា​របស់​ខ្លួន​ទៅ​ខួង​ប្រេង​នៅ​តំបន់​មាន​ជម្លោះ​នោះ គឺ​ក្បែរ​ប្រជុំ​កោះ​ប៉ារ៉ា​សែល។ ជា​ការ​ឆ្លើយ​​​តប​​វៀត​ណាម​​បាន​ប្រើ​នាវា​របស់​​ខ្លួន​ទៅ​បាញ់​​ទឹក​ដាក់​នាវា​ចិន​ដើម្បី​ជា​​ការ​រំខាន និង​បញ្ឃប់​សកម្ម​ភាព​ខួង​យក​ប្រេង​នៅ​ដែន​ទឹក​ជម្លោះ​នោះ ឯ​ចិន​ក៏​ត​តប​វិញ​ដោយ​មិន​បង្អ​ង់​ឡើយ ។ មិន​តែ​ប៉ុណ្ណោះ​ចិន​ថែម​ទាំង​បាន​​បង្ហាញ​សាច់​​ដុំ​​ដ៏​ធំៗ​​របស់​ខ្លួន​ទៀត​ផង​ដោយ​បាន បង្ហាញ​នូវ​គ្រាប់​មី​ស៊ីល​និង​អាវុធ​យុទ្ធ​ភណ្ឌ​ផ្សេងៗ​ទៀត​ដើម្បី​ជា​ការ​គម្រាម​ដល់​វៀត​ណាម។
ទង្វើរ​របស់​ចិន​នេះ​ធ្វើ​ឲ្យ​ពួក​ជាតិ​និយម​វៀតណាម​នៅ​ស្ងៀម​មិន​បាន​ឡើយ។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ប្រឆាំងចិន​នៅ​ប្រទេស​គេ (វៀតណាម) ហើយ​​ថែម​​ទាំង​​បាន​​ធ្វើ​​ទុក​បុក​ម្នេញ​ជន​ជាតិ​ចិន​ដែល​នៅវៀតណាម រហូតដល់មានជនជាតិចិនចំនួន ៦០០នាក់ បាន​សម្រុក​ចូល​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំដែន​បាវិត ខេត្តស្វាយរៀង។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់ លោក គៀត ច័ន្ធថារិទ្ធ អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ តាម​រយៈ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៤។ តាម​ការ​អង្កេត តួរ​លេខ​នេះ​នឹក​កើន​ឡើង​ទៀត ប្រសិន​បើ​វៀត​ណាម​នៅ​តែ​ធ្វើ​កុប្ប​កម្ម​កំទេច​សហគ្រាស់​បរទេស​នៅ​ក្នុ​ង​ទឹក​ដី​ខ្លួន​ត​ទៅ​ទៀត​នោះ។​

ប៉ុណ្នឹង​ហើយ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ សមាគមន៍​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ថែម​ទាំង​បាន​ចង់​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា​ទៀត​ផង តែ​យ៉ា​ងណា​ក្តី គម្រោង​​នោះ​ក៏​ត្រូវ​ផ្អាក​ទៅ​វិញ ជំនួស​ដោយ​ការ​ចរចារ។
នៅ​​ចំពោះ​មុខ​បញ្ហា​បែប​នេះ តើ​កម្ពុជា​ដែល​ជា​មិត្ត​ទាំង​សង​ខាង​នោះ គួរ​ឈរ​នៅ​ត្រង់​ណា?
ការ​ពិត​ទៅ ប្រសិន​ណា​បើ​យើង​សម្លឹ​ង​ឲ្យ​កាន់​តែ​ច្បាស់​មែន​ទែន​ទៅ យើង​មិន​ទាំង​ឃើញ​ថា​ជា​មិត្ត​ផង តែ​យើង​​បែរ​​ជា​​ឃើញ​​ថា​​ទាំង​​វៀត​ណាម​​និង​​ចិន​​គឺ​ជា​អ្នក​ម្តាយ​របស់​កម្ពុជា​ដែល​ដឹក​នាំដោយគណបក្សប្រជាជនកម្ពុជា​ទៅ​វិញ​ទេ​តើ គ្រាន់​តែវៀត​ណាម​ជាម្តាយបង្កើត រីឯចិនវិញជាម្តាយចិញ្ចឹម។
វៀតណាម​ជា​ម្តាយ​បង្កើត​នៃ​ជីវិត​ថ្មី​របស់​កម្ពុជា។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា សម័យ​ប៉ុល ពល កម្ពុជា​គ្មាន​សេស​សល់​អ្វី​ឡើយ សល់​តែ​ស្នាម​ឈាម​ជាប់​ជញ្ជាំង​អគារ, ឆ្អឹង​ខ្មោច​ខ្មែរ, អាថ៌​កំបាំង​អយុត្តិ​ធម៌​នៃខ្មោច​ជន​រង​គ្រោះ​និង​អ្នក​នៅ​រស់​, និង​កេរ្តិ៍​ឈ្មោះ​អសោច​របស់​ប៉ុល ពត​តែ​ប៉ុណ្ណោះ។ នៅ​ចុង​នៃ​សម័យ​ខ្មៅ​នោះ គឺ​វៀតណាម​ទេ​តើ ដែល​​ជា​អ្នក​អនុញ្ញាត​​ឲ្យ​​ខ្មែរ​អ្នក​តស៊ូ​មួយ​ចំនួន​ទៅ​ជ្រក​កោន​និង​ថែម​ទាំង​បាន​ជួយ​គាំទ្រ​ទាំង​កម្លាំង​ចិត្ត កម្លាំងទ័ព និងសព្វា​វុធ​ដល់​ខ្មែរ​។ គឺ​ពេល​​នោះ​​ហើយ​​ដែល​​គេ​​បង្កើត​​នូវ​​អ្វី​​ដែល​​គេ​​ហៅ​ថា រណសិរ្សសង្រ្គោះ​ជាតិ ២ធ្នូ ឡើង។ គឺ​​រណសិរ្ស​នោះ​​ហើយ​​ដែល​បាន​វាយ​ផ្តួល​រំលំ​របប​ប៉ុល ពត ហើយ​គ្រប់​គ្រង​ទីក្រុង​ភ្នំពេញ​វិញ។ តាំង​តែ​ពី​ពេល​នោះ​មក កម្ពុជា​ស្ទើរ​តែ​ទាំង​​មូល​ត្រូវ​បាន​ដឹក​នាំ​ដោយ​ក្រុម​​អ្ន​ក​តស៊ូ​ដែល​គាំទ្រ​ដោយ​វៀតណាម​នេះ​ឯង ឬហៅ​ថា​របប​កុំមុយនីស្ត​ហេង សំរិន។ ហើយ​ក្រោយ​មក​ទៀត​ក៏​ក្លាយ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​ហ៊ុន សែន។ គេ​ក៏​ឃើញ​ដែរ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ខ្លួន​ឯង​បាន​បង្អួត​នៅក្នុង​គេហទំព័រ​របស់​ខ្លួន​ថា សមិទ្ធ​ផល​ធំៗ​ជា​ប្រវត្តិ​សាស្ត្រ​ដែល​គណ​បក្ស​​​ប្រជាជន​កម្ពុជា បាន​សម្រេច​ជូន​ជាតិ និង​ប្រជាជន ក្នុង​ដំណាក់​កាល​ពី​ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ គឺ “បាន​វាយ​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ទទួល​បាន​ជ័យ​ជំនះ​ជា​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​ ៧ មករា ឆ្នាំ ១៩៧៩ ដែល​បាន​សង្គ្រោះ​ជាតិ​ឱ្យ​រស់​ឡើង​វិញ​ទាន់​ពេល​វេលា ហើយ​បាន​ប្រយុទ្ធ​ទប់​ស្កាត់​មិន​ឱ្យ​របប​ដ៏​យង់​ឃ្នង​នេះ​អាច​វិល​ត្រឡប់​មក​វិញ​បាន ដើម្បី​ការ​ពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ” ។
ថ្វី​បើ​របប​ប៉ុល ពត រលំ​នៅ​ឆ្នាំ​១៩៧៩​ក្តី គេ​មិន​ឃើញ​វៀត​ណាម​ហ៊ាន​បណ្តោយ​កម្ពុជា​ដែល​ជា​កូន​ទើប​ប្រសូត្រ​បាន​ថ្មីៗ​មួយ​នេះ ឲ្យ​នៅ​ម្នាក់​ឯង​ឡើយ។ វៀតណាម​តែង​នៅ​មើល​​​ថែរ​​ជា​និច្ច ថែរ​រហូត​ដល់​កូន​បាន​អាយុ​១០​ឆ្នាំ ហើយ​នៅ​ឆ្នាំ​១៩៨៩ ទើប​ម្តាយ​ម្នាក់​នេះ​ដាច់​ចិត្តបណ្តោយ​កូន​ឲ្យ​ឯករាជ្យ​ដោយ​វៀតណាម​បាន​ដក​ទ័ព​ចេញ​ពី​កម្ពុជា។ បណ្តោយ​​​កូន​​ឲ្យ​ឯករាជ្យ​គឺ​ដោយ​សារ​តែ​ឥទ្ធិ​ពល​វប្ប​ធម៌​បរទេស​ជ្រួត​ជ្រាប​ខ្លាំង​ពេក គឺ​សហ​ភាព​សូវៀត​ដែល​ជា​ម្តាយ​ខ្លួ​នដែរ​នោះ​ត្រូវ​អស់​ជីវិត (សហ​ភាព​សូវៀត​ដួល​រលំ​ចាប់​ពី​ឆ្នាំ​១៩៨៩ដល់​១៩៩១) ឯអ្នក​ដទៃ​ក៏​រិះគន់​ណាស់​ដែរ​រឿង​វត្ត​មាន​វៀតណាម​នៅ​កម្ពុជា។ បើ​ពុំ​មាន​កត្តា​​ដូច្នោះ​​ទេ​នោះ ហើយ​បើ​នៅ​តែ​ឯក​ឯងតាមរបៀប​បុរាណ​នោះ ម៉្លោះ​សម​កូន​មួយ​នេះ​ត្រូវ​នៅ​ក្រោម​ដំបូល​ផ្ទះ​ជា​មួយ​ម្តាយ​បង្កើត​នេះ​រហូត​ហើយ។ ថ្វី​​បើ​ម្តាយ​វៀតណាមចាក​ចេញ​នៅ​ឆ្នាំ​១៩៨៩​ក៏​មែន​ពិត តែ​ចិត្ត​មិន​សូវ​ស្ង​ប់ទេ ដ្បិត​កូន(បក្ស​ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​នេះ)​នៅ​កម្ពុជា​ចេះ​តែ​ឈ្លោះ​គ្នា​និង​នៅ​មាន​គេមក​យាយី​កូន​ខ្លួន​ជា​ញឹក​ញយ ជា​ពិសេស​គឺ​កាក់​សំណល់​ប៉ុល ពត។ អ៊ីចឹ​ង​ហើយ ដើម្បី​ឲ្យ​ម្តាយ​ដែល​តែង​តែ​បារម្ភ​ពី​កូន​នេះ​ទុក​ចិត្ត កូន​ដែល​មិន​ទាន់​រឹង​ដៃ​រឹង​ជើង​ម្នាក់​នោះ​ក៏​ខំ​ប្រឹង​ស្វែង​រក​ការ​ចរចារ​គ្នា​ដើម្បី​រក​សន្តិ​​ភាព។ ឯ​បរទេស​ដែល​ព្យា​យាម​សាប​ព្រួស​វប្ប​ធម៌​ឲ្យ​កូន​ឯករាជ្យ​ពី​ម្តាយ​នោះ គេ​ក៏​ខ្នះ​ខ្នែង​ណាស់​ដែរ​នៅ​លើ​ឆាក​អន្តរ​ជាតិ។ ចុង​ក្រោយ​ក៏​មាន​សន្ធិ​សញ្ញា​ក្រុង​បារី​ស​នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ១៩៩១ ដែល​មាន​ភាគី​ជម្លោះ​ទាំង​អស់​នៅ​កម្ពុជា​ទៅ​ចរចារ​ឈប់​បាញ់។ ហើយ​ក្រោម​មក​ទៀត​ក៏​មាន​ការ​បោះ​ឆ្នោត ដែល​រៀប​ចំដោយ​អ៊ុន​តាក់ (UNTAC) នៅឆ្នាំ១៩៩៣ ប្រកប​ដោយ​ជោគ​ជ័យ។
ឥឡូវ​សូម​ធ្វើ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ចិន​ដែល​ជា​ម្តាយ​ចិញ្ចឹម​វិញ​ម្តង។ ថ្វី​បើ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ១៩៩៣ បាន​ជោគ​ជ័យ​ក៏​ដោយ ក៏​គេ​នៅ​តែ​មើល​ឃើញ​នូវ​សញ្ញា​មួយ​ដែល​មិន​សូវ​ស្រួល​ទាល់​តែ​សោះ។ សញ្ញា​នោះ​គឺ​ថា​គ្មាន​បក្ស​ណា​មួយ​ឈ្នះ​ដាច់​មាន​សម្លេង​ពីរ​ភាគ​បី(២/៣) ​ដែល​​អាច​បង្កើត​រដ្ឋា​ភិបាល​ម្នាក់​ឯង​បាន​នោះ​ទេ។ ពេល​នោះ បក្ស​ហ៊្វុន​ស៊ីន​ប៉ិច​ដឹក​នាំដោយ​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ​និង​បក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ហ៊ុន សែន បាន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ គឺនរោត្តម រណឫទ្ធិ​ជា​នាយក​រដ្ឋមន្ត្រីទី១​និងហ៊ុន សែនជា​នាយក​រដ្ឋមន្ត្រីទី២។ ដំណើរការនៃ​រដ្ឋាភិបាល​ចម្រុះ​នោះ (ឬ​អ្នក​ខ្លះ​ហៅថា​រដ្ឋា​ភិបាល​ចែក​អំណាច​គ្នា ដើម្បី​ឈប់​ឈ្លោះ​គ្នា) មាន​លក្ខណៈ​យ៉ាប់​យឺន​ណាស់ ព្រោះ​មាន​ការិយាធិបតេយ្យ​ស្មុក​ស្មាញ​ពេក​, រដ្ឋាភិបាល​ក្បាល​ធំ​ពេក, មាន​ភាព​មិន​ស្មោះ​ត្រង់​នឹង​គ្នា, និង​ការ​រើស​អើង​នយោបាយ​ជា​ដើម គឺ​រើស​អើង​តាំង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ ប្រសិន​ណា​បើ​អ្នក​ដទៃ​មក​ពី​បក្ស​អន់​ជាង​ខ្លួន។
ហេតុ​ភេទ​នោះ​ហើយ បាន​ជា​នៅ​ថ្ងៃ​ទី​៥​និង​ទី​៦​ ខែកក្កដា ឆ្នាំ១៩៩៧ មាន​រដ្ឋ​ប្រហារ​មួយ (តែ​លោក Donald E. Weatherbee ហៅថា Quasi-coup d’état) ដែល​ធ្វើ​ឡើង​ដោយ​បក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំដោយ​លោក​ហ៊ុន សែន ដើម្បី​ដេញ​ក្រុម​ព្រះ​រណឫទ្ធិ​ចុះ​ចេញ​ពី​តំណែង​នាយ​ក​រដ្ឋ​មន្រ្តី​ទី១ ហើយ​ដោយ​មាន​អំពើ​ហឹសា​ផ្ទុះ​អាវុធ​នោះ​ហាក់​សាហាវ នាយក​រដ្ឋ​មន្ត្រី​ទី១ ក្រុម​ព្រះ​រណឫទ្ធិ​នោះ​ក៏​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​បាត់​ទៅ។ នេះ​បើ​តា​​មលោក Donald E. Weatherbee នៅ​ក្នុង​សៀវភៅ របស់​លោក​ឈ្មោះ International Relations in Southeast Asia: The Struggle for Autonomy (2th Edition) និង លោក Peter Church នៅ​ក្នុង​សៀវ​ភៅ A Short History of South-East Asia (4th Edition)។ ដោយ​សារ​ព្រឹត្តិការណ៍​ថ្ងៃ៥​ថ្ងៃ​៦​នោះ បរទេស​ដែល​ធ្លាប់​ផ្តល់​ជំនួយ​ដល់​ខ្មែរ គេ​ក៏​កាត់​ផ្តាច់​ជំនួយ​វិញ​ទាំង​អស់ ហើយ​លែង​សូវរវីលរវល់​នឹង​ខ្មែរ​ទៀត​ហើយ នៅ​ចំពោះ​មុខ។ គេ​ផ្តាច់​ជំនួយ ដោយ​សារ​លោកហ៊ុន សែន​មើល​ងាយ​ការ​ខិត​ខំ​របស់​អ៊ុន​តាក់​ដែល​ខំ​ជួយ​រៀប​ចំការ​បោះឆ្នោត​ឡើង តែ​ខ្មែរ​បែរ​មិន​គោរព​ទៅ​វិញ ហើយ​បង្ករ​ឲ្យ​កើត​មាន​រដ្ឋ​ប្រហារ​បែប​អំពើ​ហឹសា​បង្ហូរ​ឈាម​ស្លាប់​ជីវិត​ដូច្នោះ។
ស្ថាន​ភាព​កម្ពុជានៅពេល​នោះ ម្តុំឆ្នាំ១៩៩៧ អាក្រក់ណាស់ អ្នកលេង​នយោបាយ​កំពុង​ប្រកាប់​ប្រចាក់គ្នា ឯសេដ្ឋកិច្ច​ជាប់​ផុង​ដោយ​សារ​រឿង​រ៉ាវ​ក្នុង​ស្រុក ថែម​ទាំង​ថៃ​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ជះឥទ្ធិ​ពល​មក​ទៀត រួម​ទាំង​បរទេស​គេ​បោះ​បង់​ខ្មែរ​ចោល ហើយ​កាត់​ជំនួយ​ទៀត​ផង​នោះ ដូច្នេះ​វាជា​ស្ថាន​ភាព អាក្រក់​មួយ​ស្ទើរ​រក​អ្វី​ប្រៀប​ប្រដូច​ពុំ​បាន​។ តែ​នៅ​ល្អ​ម្យ៉ាង​ដែរ គឺល្អ​ត្រង់​ថា នៅ​មាន​ចិន​មួយ​ដែរ ដែល​នៅ​គាំទ្រ​លោក ហ៊ុន សែន ហើយបន្ត​ចាប់​ផ្តើម​ធ្វើ​ម៉ែ​កូន​ផ្តល់​ជំនួយ​ចិញ្ចឹម​កម្ពុជា​ក្រោម​គ្រា​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​តាំង​តែ​ពី​ពេល​នោះ​ម​ក។
ក៏គួរតែចាប់អារម្មណ៍ផងដែរថា ពី​មុន​កម្ពុជា​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​តៃវ៉ាន់ ដោយ​មាន​ Trade Office របស់តៃវ៉ាន់​​ប្រចាំ​​នៅ​​ភ្នំពេញ​​ទៀត​​ផង តែ​ក្រោយ​ពេល​គេ​បោះ​បង់​កម្ពុជា​ចោល ហើយ​ចិន​រើស​មក​ចិញ្ចឹម​មក កម្ពុជា​ក៏​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​តៃវ៉ាន់​ដែល​ជា​សត្រូវ​របស់​ម្តាយ​ចិញ្ចឹម​នេះ ហើយ​ក៏​បែរ​មក​មាន​ទំនាក់​ទំនង​ទូត​ជាមួយ​ចិន​វិញ ថែម​ទាំង​គាំទ្រ​នយោបាយ​ចិន​តែ​មួយ​វិញ​ម្តង។ នយោបាយចិ​ន​តែ​មួយ មានន័យថា មិន​មាន​ទេ​ប្រទេស​តៃវ៉ាន់ គឺ​មាន​តែ​ប្រទេស​ចិន ទឹក​ដីចិន និង​ជន​ជាតិ​ចិន​ប៉ុណ្ណោះ។ តាំង​តែ​ពី​ពេល​នោះ​មក ចិន​ក្លា​យជា​ម្តាយ​ចិញ្ចឹ​ម​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ចំណែក​ឯ​វៀតណាម​វិញ​ក៏​នៅ​តែ​ជា​ម្តាយ​បង្កើត​ដដែល។ ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា-ចិន និង កម្ពុជា-វៀតណាម នៅតែល្អ។ តែ​អ្វី​ដែលមិ​នសូវ​ល្អនោះ​គឺ​ថា ម្តាយ​ទាំង​ពីរ​នេះ​មិន​ដែល​សូវ​មើល​មុខ​គ្នា​ចំ​ឡើយ​តាំង​ពី​ឆ្នាំ​១៩៧៤​មក​ម្ល៉េះ។
គួរ​បញ្ជាក់​ថា ម្តាយ​បង្កើត​របស់​កម្ពុជាក្រោម​ការ​​ដឹ​កនាំរបស់​បក្ស​ប្រជាជនកម្ពុជា​ធ្លាប់​ត្រូវ​ថ្មោង​ពី​សំណាក់​ម្តាយ​ចិញ្ចឹម​៣​​ដង​រួច​មក​ហើយ។ នៅឆ្នាំ១៩៧៤ ចិន​វាយ​នាវា​វៀតណាម​បង្ខំ​ឲ្យ​ចេញ​ពី​កោះ​ប៉ារ៉ាសែ​ល​ដែល​ពេល​នោះ​ស្លាប់​វៀតណាម​អស់​៧៥​នាក់​។ នៅឆ្នាំ១៩៧៩ ចិន​វាយ​ឈ្លាន​ពាន​វៀតណាម​ម្តង​ទៀត​ដើម្បី​ទុក​ជា​មេរៀន​ឲ្យ​វៀតណាម ព្រោះ​វៀត​ណាម​បាន​ជួយ​រណសិរ្ស​​សង្រ្គោះ​ជាតិ​២ធ្នូ ចូលវា​យ​ឈ្លាន​ពាន​មិត្ត​សម្លាញ់​របស់​ចិ​ន​នៅ​កម្ពុជា​គឺ​ប៉ុល ពត។ មក​ដល់​ឆ្នាំ​១៩៨៨ ចិន​ផ្តល់​មេរៀន​ដល់​វៀត​ណាម​ជា​លើក​ទី៣ គឺដោយសារ​តែ​រឿងរាវ​ប្រជុំ​កោះប៉ារ៉ា​សែល​ដដែល ដែល​ពេល​នោះ​សម្លាប់​វៀតណាម​បាន​៦៤នាក់។ នេះ​បើយោង​តាម​សារ​ព័ត៌មាន AP ដែល​ចុះ​ផ្សាយ​ដោយ HAU DINH នៅថ្ងៃទី១៧ ឧសភា ២០១៤ ។

រហូត​មក​ដល់​ពេល​នេះ​ ជម្លោះ​ក្នុង​ដែល​សមុទ្រ​ចិន​ខាង​ត្បូន​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន​ស្រេច​បាច់​នៅ​ឡើយ។ ឥឡូវ​នេះ​ស្ថាន​ការ​កាន់​តែ​តឹង​តែង​ទៀត​ហើយ ឯកម្ពុជា​នៅ​ចន្លោះ​អ្នក​ទាំង​ពីរ គឺ​ពិបាក​នឹង​ទន់​ទោរ​ទៅ​រក​អ្នក​ណា​តែ​ម្ខាង​ណាស់​ព្រោះ​សុទ្ធ​តែ​ម្តាយ​ដូច​គ្នា ម្នាក់​បង្កើត​ឲ្យ​មាន​ជីវិត ម្នាក់​ចិញ្ចឹម​ឲ្យ​ធំ​ធាត់​បាន​ដល់​សព្វ​ថ្ងៃ​នេះ។ បើ​និយាយ​ពី​ម្តាយ​បង្កើត​វិញ ក៏​កាន់​តែ​ពិបាក​ទៀត ព្រោះ​ទាំង​កូន​ទាំង​ម្តាយ​សុទ្ធ​តែ​ជា​សមាជិក​អាស៊ាន ម្ល៉ោះ​ហើយ​បើ​រត់​ចោល​គ្នា​នោះ មាន​ន័យ​ថា​អាស៊ាន​បែក​បាក់​ហើយ។ តែ​​ណ្ហើយ​ចុះ យល់​ល្អ បើ​ចង់​បាន​ចំណេញ​សម្រាប់​ជាតិ ចូរ​នៅ​អព្យា​ក្រឹត​ទៅចុះ គឺ​អព្យា​ក្រឹត​ពិត​ប្រាកដ កុំធ្វើ​អព្យា​ក្រឹត​ទន់​ទោរ​ទៅ​រក​វៀត​ណាម​ដូច​សម័យ​ព្រះ​បាទ​នរោត្តម សីហនុ ឲ្យសោះ ដែល​ចុង​ក្រោយ​នាំ​ភ្លើង​សង្រ្គាម​វៀតណាម​ចូល​ផ្ទះ​ឲ្យ​ឆេះ​ខ្ទេច​ខ្ទី​ស្ទើរ​ស្លាប់​អ្នក​ផ្ទះ​អស់។ ម្ល៉ោះហើយ កម្ពុជា​គួរ​នៅ​កណ្តាល​ចាំ​ត្រង​យក​ប្រយោជន៍​ដើម្បី​ជួយ​ជាតិ​វិញ​ប្រសើរ​ជាង។ ជាក់ស្តែង ថ្មីៗនេះកូន​នេះ​ដើរ​ត្រូវ​ហើយ ព្រោះ​អាច​នៅ​រក្សា​ទំនាក់​ទំនងល្អ​ជាមួយម្តាយ​បង្កើត​បាន​ធម្មតា ហើយ​ជា​មួយ​ម្តាយ​ចិញ្ចឹម​ក៏​ល្អ​ដែរ រហូត​ដល់​ម្តាយ​ចិញ្ចឹម​គាត់​ឲ្យ​ជំនួយ​ជា​លុយ​ចំនួន ៩០០ លានយន់ ដែល​ត្រូវ​នឹង​ប្រមាណ​ជាង ១៤៤ លាន​ដូល្លារ​សហរដ្ឋ​អាមេរិច​ឯណោះ។ នេះ​បើ​យោង​តាម​គេហ​ទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០១៤ ។
ម្យ៉ាងទៀត ពេល​ម្តាយ​គាត់​ឈ្លោះគ្នា កំពុង​តែ​មុខ​យក្ស​ដាក់​គ្នា​អញ្ចឹង ក្នុង​នាម​ជា​​កូន ក៏​យើង​មិន​ត្រូវ​ទៅ​កាន់​ជើង​ម្ខាង​ឬ​គាំទ្រ​ម្ខាង​ណា​មួយ​ឡើយ។ យើង​គួរ​នៅ​ស្ងៀម​ចាំ​ស្តាប់​សិន​ទៅ ហើយ​ព្យា​យាម​ស្វែង​រក​ការ​សម្រប​សម្រួល​វិញ​ប្រសើរ​ជា​ជាង នោះ​ប្រសិន​បើ​អាច ហើយ​ចាំមានឱកាស សឹម​ទៅ​លួង​លោម​ម្ខាងៗ ដើម្បី​ឲ្យ​ត្រូវ​រូវ​គ្នា​វិញ​ក៏​វា​មិន​ខាត​អី​ដល់​យើង​ដែរ។ បន្ថែម​លើ​នេះ បើ​ប្រឡប់​មក​បរិបទ​ប្រទេស​ជាតិ​វិញ​គឺ​ថា​ត្រូវ​តែ​គ្មាន​មិត្ត គ្មាន​សត្រូវ មាន​តែ​ផល​ប្រយោជន៍។ ក្នុង​ន័យ​នេះ​គឺ​ថា​ កុំ​ទៅ​ចង​មិត្ត​ឬ​សត្រូវ​អីសំខាន់​ពេក សំខាន់​​គឺ​​ត្រូវ​​រក​ផល​ចំណេញ​ជូន​ប្រជា​ជាតិ​យើង​វិញ ហើយ​ក្នុង​កាលៈទេសៈ​នេះ ការ​ប្រកាន់​យក​អព្យាក្រឹត​ភាព​បែប​រីករាយ​នឹង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​៕
ដោយ៖ Good Read ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៥