
ទង្វើររបស់ចិននេះធ្វើឲ្យពួកជាតិនិយមវៀតណាមនៅស្ងៀមមិនបានឡើយ។ ពួកគេបាននាំគ្នាធ្វើបាតុកម្មប្រឆាំងចិននៅប្រទេសគេ (វៀតណាម) ហើយថែមទាំងបានធ្វើទុកបុកម្នេញជនជាតិចិនដែលនៅវៀតណាម រហូតដល់មានជនជាតិចិនចំនួន ៦០០នាក់ បានសម្រុកចូលមកកាន់ប្រទេសកម្ពុជាតាមច្រកព្រំដែនបាវិត ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១៥ ឧសភា ២០១៤។ តាមការអង្កេត តួរលេខនេះនឹកកើនឡើងទៀត ប្រសិនបើវៀតណាមនៅតែធ្វើកុប្បកម្មកំទេចសហគ្រាស់បរទេសនៅក្នុងទឹកដីខ្លួនតទៅទៀតនោះ។

ប៉ុណ្នឹងហើយនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ សមាគមន៍វៀតណាមប្រចាំនៅកម្ពុជាថែមទាំងបានចង់ធ្វើបាតុកម្មប្រឆាំងចិននៅលើទឹកដីកម្ពុជាទៀតផង តែយ៉ាងណាក្តី គម្រោងនោះក៏ត្រូវផ្អាកទៅវិញ ជំនួសដោយការចរចារ។
នៅចំពោះមុខបញ្ហាបែបនេះ តើកម្ពុជាដែលជាមិត្តទាំងសងខាងនោះ គួរឈរនៅត្រង់ណា?
ការពិតទៅ ប្រសិនណាបើយើងសម្លឹងឲ្យកាន់តែច្បាស់មែនទែនទៅ យើងមិនទាំងឃើញថាជាមិត្តផង តែយើងបែរជាឃើញថាទាំងវៀតណាមនិងចិនគឺជាអ្នកម្តាយរបស់កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទៅវិញទេតើ គ្រាន់តែវៀតណាមជាម្តាយបង្កើត រីឯចិនវិញជាម្តាយចិញ្ចឹម។
វៀតណាមជាម្តាយបង្កើតនៃជីវិតថ្មីរបស់កម្ពុជា។ អ្នកណាក៏ដឹងដែរថា សម័យប៉ុល ពល កម្ពុជាគ្មានសេសសល់អ្វីឡើយ សល់តែស្នាមឈាមជាប់ជញ្ជាំងអគារ, ឆ្អឹងខ្មោចខ្មែរ, អាថ៌កំបាំងអយុត្តិធម៌នៃខ្មោចជនរងគ្រោះនិងអ្នកនៅរស់, និងកេរ្តិ៍ឈ្មោះអសោចរបស់ប៉ុល ពតតែប៉ុណ្ណោះ។ នៅចុងនៃសម័យខ្មៅនោះ គឺវៀតណាមទេតើ ដែលជាអ្នកអនុញ្ញាតឲ្យខ្មែរអ្នកតស៊ូមួយចំនួនទៅជ្រកកោននិងថែមទាំងបានជួយគាំទ្រទាំងកម្លាំងចិត្ត កម្លាំងទ័ព និងសព្វាវុធដល់ខ្មែរ។ គឺពេលនោះហើយដែលគេបង្កើតនូវអ្វីដែលគេហៅថា រណសិរ្សសង្រ្គោះជាតិ ២ធ្នូ ឡើង។ គឺរណសិរ្សនោះហើយដែលបានវាយផ្តួលរំលំរបបប៉ុល ពត ហើយគ្រប់គ្រងទីក្រុងភ្នំពេញវិញ។ តាំងតែពីពេលនោះមក កម្ពុជាស្ទើរតែទាំងមូលត្រូវបានដឹកនាំដោយក្រុមអ្នកតស៊ូដែលគាំទ្រដោយវៀតណាមនេះឯង ឬហៅថារបបកុំមុយនីស្តហេង សំរិន។ ហើយក្រោយមកទៀតក៏ក្លាយជាគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយហ៊ុន សែន។ គេក៏ឃើញដែរថា គណបក្សប្រជាជនកម្ពុជាខ្លួនឯងបានបង្អួតនៅក្នុងគេហទំព័ររបស់ខ្លួនថា សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជន ក្នុងដំណាក់កាលពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ គឺ “បានវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា ហើយបានប្រយុទ្ធទប់ស្កាត់មិនឱ្យរបបដ៏យង់ឃ្នងនេះអាចវិលត្រឡប់មកវិញបាន ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ” ។
ថ្វីបើរបបប៉ុល ពត រលំនៅឆ្នាំ១៩៧៩ក្តី គេមិនឃើញវៀតណាមហ៊ានបណ្តោយកម្ពុជាដែលជាកូនទើបប្រសូត្របានថ្មីៗមួយនេះ ឲ្យនៅម្នាក់ឯងឡើយ។ វៀតណាមតែងនៅមើលថែរជានិច្ច ថែររហូតដល់កូនបានអាយុ១០ឆ្នាំ ហើយនៅឆ្នាំ១៩៨៩ ទើបម្តាយម្នាក់នេះដាច់ចិត្តបណ្តោយកូនឲ្យឯករាជ្យដោយវៀតណាមបានដកទ័ពចេញពីកម្ពុជា។ បណ្តោយកូនឲ្យឯករាជ្យគឺដោយសារតែឥទ្ធិពលវប្បធម៌បរទេសជ្រួតជ្រាបខ្លាំងពេក គឺសហភាពសូវៀតដែលជាម្តាយខ្លួនដែរនោះត្រូវអស់ជីវិត (សហភាពសូវៀតដួលរលំចាប់ពីឆ្នាំ១៩៨៩ដល់១៩៩១) ឯអ្នកដទៃក៏រិះគន់ណាស់ដែររឿងវត្តមានវៀតណាមនៅកម្ពុជា។ បើពុំមានកត្តាដូច្នោះទេនោះ ហើយបើនៅតែឯកឯងតាមរបៀបបុរាណនោះ ម៉្លោះសមកូនមួយនេះត្រូវនៅក្រោមដំបូលផ្ទះជាមួយម្តាយបង្កើតនេះរហូតហើយ។ ថ្វីបើម្តាយវៀតណាមចាកចេញនៅឆ្នាំ១៩៨៩ក៏មែនពិត តែចិត្តមិនសូវស្ងប់ទេ ដ្បិតកូន(បក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ)នៅកម្ពុជាចេះតែឈ្លោះគ្នានិងនៅមានគេមកយាយីកូនខ្លួនជាញឹកញយ ជាពិសេសគឺកាក់សំណល់ប៉ុល ពត។ អ៊ីចឹងហើយ ដើម្បីឲ្យម្តាយដែលតែងតែបារម្ភពីកូននេះទុកចិត្ត កូនដែលមិនទាន់រឹងដៃរឹងជើងម្នាក់នោះក៏ខំប្រឹងស្វែងរកការចរចារគ្នាដើម្បីរកសន្តិភាព។ ឯបរទេសដែលព្យាយាមសាបព្រួសវប្បធម៌ឲ្យកូនឯករាជ្យពីម្តាយនោះ គេក៏ខ្នះខ្នែងណាស់ដែរនៅលើឆាកអន្តរជាតិ។ ចុងក្រោយក៏មានសន្ធិសញ្ញាក្រុងបារីសនៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមានភាគីជម្លោះទាំងអស់នៅកម្ពុជាទៅចរចារឈប់បាញ់។ ហើយក្រោមមកទៀតក៏មានការបោះឆ្នោត ដែលរៀបចំដោយអ៊ុនតាក់ (UNTAC) នៅឆ្នាំ១៩៩៣ ប្រកបដោយជោគជ័យ។
ឥឡូវសូមធ្វើការចាប់អារម្មណ៍ទៅលើចិនដែលជាម្តាយចិញ្ចឹមវិញម្តង។ ថ្វីបើការបោះឆ្នោតនៅឆ្នាំ ១៩៩៣ បានជោគជ័យក៏ដោយ ក៏គេនៅតែមើលឃើញនូវសញ្ញាមួយដែលមិនសូវស្រួលទាល់តែសោះ។ សញ្ញានោះគឺថាគ្មានបក្សណាមួយឈ្នះដាច់មានសម្លេងពីរភាគបី(២/៣) ដែលអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាននោះទេ។ ពេលនោះ បក្សហ៊្វុនស៊ីនប៉ិចដឹកនាំដោយក្រុមព្រះនរោត្តម រណឫទ្ធិនិងបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកហ៊ុន សែន បានបង្កើតរដ្ឋាភិបាលចម្រុះ គឺនរោត្តម រណឫទ្ធិជានាយករដ្ឋមន្ត្រីទី១និងហ៊ុន សែនជានាយករដ្ឋមន្ត្រីទី២។ ដំណើរការនៃរដ្ឋាភិបាលចម្រុះនោះ (ឬអ្នកខ្លះហៅថារដ្ឋាភិបាលចែកអំណាចគ្នា ដើម្បីឈប់ឈ្លោះគ្នា) មានលក្ខណៈយ៉ាប់យឺនណាស់ ព្រោះមានការិយាធិបតេយ្យស្មុកស្មាញពេក, រដ្ឋាភិបាលក្បាលធំពេក, មានភាពមិនស្មោះត្រង់នឹងគ្នា, និងការរើសអើងនយោបាយជាដើម គឺរើសអើងតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ប្រសិនណាបើអ្នកដទៃមកពីបក្សអន់ជាងខ្លួន។
ហេតុភេទនោះហើយ បានជានៅថ្ងៃទី៥និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ មានរដ្ឋប្រហារមួយ (តែលោក Donald E. Weatherbee ហៅថា Quasi-coup d’état) ដែលធ្វើឡើងដោយបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកហ៊ុន សែន ដើម្បីដេញក្រុមព្រះរណឫទ្ធិចុះចេញពីតំណែងនាយករដ្ឋមន្រ្តីទី១ ហើយដោយមានអំពើហឹសាផ្ទុះអាវុធនោះហាក់សាហាវ នាយករដ្ឋមន្ត្រីទី១ ក្រុមព្រះរណឫទ្ធិនោះក៏ភៀសខ្លួនចេញពីស្រុកបាត់ទៅ។ នេះបើតាមលោក Donald E. Weatherbee នៅក្នុងសៀវភៅ របស់លោកឈ្មោះ International Relations in Southeast Asia: The Struggle for Autonomy (2th Edition) និង លោក Peter Church នៅក្នុងសៀវភៅ A Short History of South-East Asia (4th Edition)។ ដោយសារព្រឹត្តិការណ៍ថ្ងៃ៥ថ្ងៃ៦នោះ បរទេសដែលធ្លាប់ផ្តល់ជំនួយដល់ខ្មែរ គេក៏កាត់ផ្តាច់ជំនួយវិញទាំងអស់ ហើយលែងសូវរវីលរវល់នឹងខ្មែរទៀតហើយ នៅចំពោះមុខ។ គេផ្តាច់ជំនួយ ដោយសារលោកហ៊ុន សែនមើលងាយការខិតខំរបស់អ៊ុនតាក់ដែលខំជួយរៀបចំការបោះឆ្នោតឡើង តែខ្មែរបែរមិនគោរពទៅវិញ ហើយបង្ករឲ្យកើតមានរដ្ឋប្រហារបែបអំពើហឹសាបង្ហូរឈាមស្លាប់ជីវិតដូច្នោះ។
ស្ថានភាពកម្ពុជានៅពេលនោះ ម្តុំឆ្នាំ១៩៩៧ អាក្រក់ណាស់ អ្នកលេងនយោបាយកំពុងប្រកាប់ប្រចាក់គ្នា ឯសេដ្ឋកិច្ចជាប់ផុងដោយសាររឿងរ៉ាវក្នុងស្រុក ថែមទាំងថៃកំពុងមានវិបត្តិហិរញ្ញវត្ថុដែលជះឥទ្ធិពលមកទៀត រួមទាំងបរទេសគេបោះបង់ខ្មែរចោល ហើយកាត់ជំនួយទៀតផងនោះ ដូច្នេះវាជាស្ថានភាព អាក្រក់មួយស្ទើររកអ្វីប្រៀបប្រដូចពុំបាន។ តែនៅល្អម្យ៉ាងដែរ គឺល្អត្រង់ថា នៅមានចិនមួយដែរ ដែលនៅគាំទ្រលោក ហ៊ុន សែន ហើយបន្តចាប់ផ្តើមធ្វើម៉ែកូនផ្តល់ជំនួយចិញ្ចឹមកម្ពុជាក្រោមគ្រាដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនតាំងតែពីពេលនោះមក។
ក៏គួរតែចាប់អារម្មណ៍ផងដែរថា ពីមុនកម្ពុជាមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដោយមាន Trade Office របស់តៃវ៉ាន់ប្រចាំនៅភ្នំពេញទៀតផង តែក្រោយពេលគេបោះបង់កម្ពុជាចោល ហើយចិនរើសមកចិញ្ចឹមមក កម្ពុជាក៏ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ដែលជាសត្រូវរបស់ម្តាយចិញ្ចឹមនេះ ហើយក៏បែរមកមានទំនាក់ទំនងទូតជាមួយចិនវិញ ថែមទាំងគាំទ្រនយោបាយចិនតែមួយវិញម្តង។ នយោបាយចិនតែមួយ មានន័យថា មិនមានទេប្រទេសតៃវ៉ាន់ គឺមានតែប្រទេសចិន ទឹកដីចិន និងជនជាតិចិនប៉ុណ្ណោះ។ តាំងតែពីពេលនោះមក ចិនក្លាយជាម្តាយចិញ្ចឹមរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំណែកឯវៀតណាមវិញក៏នៅតែជាម្តាយបង្កើតដដែល។ ចំពោះទំនាក់ទំនងរវាងកម្ពុជា-ចិន និង កម្ពុជា-វៀតណាម នៅតែល្អ។ តែអ្វីដែលមិនសូវល្អនោះគឺថា ម្តាយទាំងពីរនេះមិនដែលសូវមើលមុខគ្នាចំឡើយតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ។
គួរបញ្ជាក់ថា ម្តាយបង្កើតរបស់កម្ពុជាក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជាធ្លាប់ត្រូវថ្មោងពីសំណាក់ម្តាយចិញ្ចឹម៣ដងរួចមកហើយ។ នៅឆ្នាំ១៩៧៤ ចិនវាយនាវាវៀតណាមបង្ខំឲ្យចេញពីកោះប៉ារ៉ាសែលដែលពេលនោះស្លាប់វៀតណាមអស់៧៥នាក់។ នៅឆ្នាំ១៩៧៩ ចិនវាយឈ្លានពានវៀតណាមម្តងទៀតដើម្បីទុកជាមេរៀនឲ្យវៀតណាម ព្រោះវៀតណាមបានជួយរណសិរ្សសង្រ្គោះជាតិ២ធ្នូ ចូលវាយឈ្លានពានមិត្តសម្លាញ់របស់ចិននៅកម្ពុជាគឺប៉ុល ពត។ មកដល់ឆ្នាំ១៩៨៨ ចិនផ្តល់មេរៀនដល់វៀតណាមជាលើកទី៣ គឺដោយសារតែរឿងរាវប្រជុំកោះប៉ារ៉ាសែលដដែល ដែលពេលនោះសម្លាប់វៀតណាមបាន៦៤នាក់។ នេះបើយោងតាមសារព័ត៌មាន AP ដែលចុះផ្សាយដោយ HAU DINH នៅថ្ងៃទី១៧ ឧសភា ២០១៤ ។

រហូតមកដល់ពេលនេះ ជម្លោះក្នុងដែលសមុទ្រចិនខាងត្បូននៅតែមិនអាចដោះស្រាយបានស្រេចបាច់នៅឡើយ។ ឥឡូវនេះស្ថានការកាន់តែតឹងតែងទៀតហើយ ឯកម្ពុជានៅចន្លោះអ្នកទាំងពីរ គឺពិបាកនឹងទន់ទោរទៅរកអ្នកណាតែម្ខាងណាស់ព្រោះសុទ្ធតែម្តាយដូចគ្នា ម្នាក់បង្កើតឲ្យមានជីវិត ម្នាក់ចិញ្ចឹមឲ្យធំធាត់បានដល់សព្វថ្ងៃនេះ។ បើនិយាយពីម្តាយបង្កើតវិញ ក៏កាន់តែពិបាកទៀត ព្រោះទាំងកូនទាំងម្តាយសុទ្ធតែជាសមាជិកអាស៊ាន ម្ល៉ោះហើយបើរត់ចោលគ្នានោះ មានន័យថាអាស៊ានបែកបាក់ហើយ។ តែណ្ហើយចុះ យល់ល្អ បើចង់បានចំណេញសម្រាប់ជាតិ ចូរនៅអព្យាក្រឹតទៅចុះ គឺអព្យាក្រឹតពិតប្រាកដ កុំធ្វើអព្យាក្រឹតទន់ទោរទៅរកវៀតណាមដូចសម័យព្រះបាទនរោត្តម សីហនុ ឲ្យសោះ ដែលចុងក្រោយនាំភ្លើងសង្រ្គាមវៀតណាមចូលផ្ទះឲ្យឆេះខ្ទេចខ្ទីស្ទើរស្លាប់អ្នកផ្ទះអស់។ ម្ល៉ោះហើយ កម្ពុជាគួរនៅកណ្តាលចាំត្រងយកប្រយោជន៍ដើម្បីជួយជាតិវិញប្រសើរជាង។ ជាក់ស្តែង ថ្មីៗនេះកូននេះដើរត្រូវហើយ ព្រោះអាចនៅរក្សាទំនាក់ទំនងល្អជាមួយម្តាយបង្កើតបានធម្មតា ហើយជាមួយម្តាយចិញ្ចឹមក៏ល្អដែរ រហូតដល់ម្តាយចិញ្ចឹមគាត់ឲ្យជំនួយជាលុយចំនួន ៩០០ លានយន់ ដែលត្រូវនឹងប្រមាណជាង ១៤៤ លានដូល្លារសហរដ្ឋអាមេរិចឯណោះ។ នេះបើយោងតាមគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជាដែលចុះផ្សាយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ។
ម្យ៉ាងទៀត ពេលម្តាយគាត់ឈ្លោះគ្នា កំពុងតែមុខយក្សដាក់គ្នាអញ្ចឹង ក្នុងនាមជាកូន ក៏យើងមិនត្រូវទៅកាន់ជើងម្ខាងឬគាំទ្រម្ខាងណាមួយឡើយ។ យើងគួរនៅស្ងៀមចាំស្តាប់សិនទៅ ហើយព្យាយាមស្វែងរកការសម្របសម្រួលវិញប្រសើរជាជាង នោះប្រសិនបើអាច ហើយចាំមានឱកាស សឹមទៅលួងលោមម្ខាងៗ ដើម្បីឲ្យត្រូវរូវគ្នាវិញក៏វាមិនខាតអីដល់យើងដែរ។ បន្ថែមលើនេះ បើប្រឡប់មកបរិបទប្រទេសជាតិវិញគឺថាត្រូវតែគ្មានមិត្ត គ្មានសត្រូវ មានតែផលប្រយោជន៍។ ក្នុងន័យនេះគឺថា កុំទៅចងមិត្តឬសត្រូវអីសំខាន់ពេក សំខាន់គឺត្រូវរកផលចំណេញជូនប្រជាជាតិយើងវិញ ហើយក្នុងកាលៈទេសៈនេះ ការប្រកាន់យកអព្យាក្រឹតភាពបែបរីករាយនឹងធ្វើជាអ្នកសម្របសម្រួលជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជា៕
ដោយ៖ Good Read ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៥
No comments:
Post a Comment