Tuesday, October 24, 2017

ស្រាបៀរជាប់សង្ស័យបង្កជំងឺរលាកសន្លាក់ឆ្អឹង

នៅ​ឆ្នាំ​២០១៥ អ្នកស្រាវជ្រាវសាកលវិទ្យាល័យណុតធីងហ្កាម បានសាកសួរមនុស្សពីរក្រុម ៖ មួយក្រុមជាអ្នកមានជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ និងមួយក្រុមទៀតជាមនុស្សជាមានសុខភាពល្អ អាយុពី៤៥ឆ្នាំទៅ៨៦ឆ្នាំ។ ក្រុមអ្នកមានជំងឺសុទ្ធតែជាអ្នកទទួលទានសុរាទាំងអស់ និងគ្រឿងស្រវឹងគ្រប់ប្រភេទ។ ជាងនេះទៅទៀត ក្នុងចំណោមក្រុមអ្នកជំងឺនោះ មួយភាគធំជាអ្នកមានចំណូលចិត្តប្រព្រឹត្តពិសារបៀរ។ គ្មានអ្វីគួរឱ្យចម្លែកនិងភ្ញាក់ផ្អើលទេ ព្រោះថាភេសជ្ជៈមួយប្រភេទនេះ សម្រួលឱ្យងាយឡើងទម្ងន់ ដែលប្រៀបដូចជាបានបង្កើនគ្រោះហានិភ័យឱ្យងាយមានជំងឺរលាកសន្លាក់។

ដើម្បីអាចចេញសេចក្តីសន្និដ្ឋានបូកសរុបលទ្ធផលនៃការសិក្សាបាន អ្នកស្រាវជ្រាវបានផ្តោចចំណាប់អារម្មណ៍លើបរិមាណស្រាបៀរដែលក្រុមអ្នកជំងឺនោះទទួលទានក្នុងមួយសប្តាហ៍ៗ។ ជនណាដែលផឹកស្រាបៀរពី៨ទៅ១៩កែវ (កែវស្តង់ដារ ២៥០ម.ល.) ក្នុងមួយសប្តាហ៍ និងមានអាយុពី២១ទៅ៥០ឆ្នាំ ហានិភ័យកើតជំងឺរលាកសន្លាក់ឆ្អឹងបានកើនឡើងពី ៤ទៅ ១១៥% ច្រើនជាងអ្នកមិនបរិភោគសោះ។ បរិភោគបៀរចាប់ពី១០កែវឡើងទៅក្នុងអាទិត្យ កំណើនគ្រោះថ្នាក់កើតជំងឺឆ្អឹងឡើងខ្ពស់ខ្លាំងដល់ទៅ +៤៥%ទៅ ២១៩%។

អ្នកស្រាវជ្រាវទទួលយកលទ្ធផលប្រកបដោយភាពប្រុងប្រយ័ត្ននៅឡើយ ព្រោះតែការសិក្សានេះផ្អែកទៅលើហេតុការណ៍ដែលបានកើនឡើងរួចទៅហើយ តាមរយៈសំណួរចម្លើយផ្តល់ដោយអ្នកជំងឺផ្ទាល់ ឬពីក្រុមគ្រួសារ។ ដូច្នេះវាអាចមានការឆ្លើយបំផ្លើស ឬចម្លើយបង្រួម។ យ៉ាងណាក៏ដោយ ក៏អ្នកស្រាវជ្រាវបានប្រាកដចិត្តខ្លាំង អំពីផលវិបាកជាយថាហេតុបង្កឡើងដោយស្រាបៀរ ព្រោះនៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវមិនបានរាប់ និងគិតបញ្ចូលអ្នកជំងឺដែលមានទទួលទានពពួកស្រាផ្សេងៗទៀតឡើយ។

តាមរយៈលទ្ធផលទទួលបាននេះ ស្រាបៀរបានក្លាយជាជនជាប់ចោទកាន់តែខ្លាំងថាជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកសន្លាក់ឆ្អឹង ពីព្រោះអ្នកឯកទេសអាចរកឃើញ សមតិកម្មជាចំណងភ្ជាប់សម្រាប់មកធ្វើការបកស្រាយពន្យល់បានយ៉ាងជាក់លាក់ ៖ ការទទួលទានស្រាបៀរ ទំនងជាបង្កើនអត្រាជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ នៅពេលណាជាតិអាស៊ីតអ៊ុយរិចឡើងខ្ពស់ នោះវានឹងទៅពន្លឿនភាពសឹករិចរឹលនៃសន្លាក់។ ហេតុដូច្នេះហើយទើបពួកគេងាយរងគ្រោះកើតជំងឺរលាកសន្លាក់។

No comments:

Post a Comment